មិទ្ទិញរម្លឹកខួបទី៤០ នៃទិវាជ័យជម្នះ ៧មករា (៧ មករា ១៩៧៩ - ៧ មករា ២០១៩) បានប្រព្រឹត្តទៅយ៉ាងមហោឡារិក ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងលោកជំទាវ, សម្តេចវិបុលសេនាភក្តី សាយ ឈុំ, សម្តេចក្រឡាហោម ស ខេង, មន្រ្តីជាន់ខ្ពស់ ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ក្រសួង ស្ថាប័ននានា អង្គទូត ភ្ញៀវជាតិ អន្តរជាតិ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ប្រមាណជាង៦ម៉ឺននាក់។ ប្រជាជនកម្ពុជា បានប្រសិទ្ធនាម ថ្ងៃ ៧ មករា ១៩៧៩ គឺជាថ្ងៃកំណើតទី២ របស់ខ្លួន បើគ្មានជ័យជម្នះ ៧ មករា ក៏យើងគ្មានអ្វីៗនៅថ្ងៃនេះដែរ។ នេះជាសច្ចធម៌ប្រវត្តិសាស្ត្រ ដែលគ្មាន ជនណា ឬកម្លាំងណាអាចមកបំភ្លៃ ឬបំផ្លាញបានឡើយ។ មិទ្ទិញខួបទី៤០នៃទិវាជ័យជម្នះ ៧ មករា ដែលបានប្រារព្ធនៅពហុកីឡដ្ឋានជាតិអូឡាំពិក ព្រឹកមិញនេះ បានដំណើរការយ៉ាងមហោឡារិក ដោយមានរំលេចចេញ ជាផ្ទាំងប៉ាណូ ក៏ដូចជា ទស្សនីយភាពសិល្បៈ ការឈរតម្រៀបគ្នាចេញជារូបទង់ជាតិកម្ពុជា ជារូបភាពព្រាបសន្តិភាព និងជាអក្សរ ពាក្យស្លោក ព្រមទាំងក្បូនព្យូហយាត្រាតំណាង រាជធានី ខេត្ត និងសហភាពសហព័ន្ធយុវជន ដែលបង្ហាញពីសមិទ្ធិផលទាំងឡាយ ដែលបានកើតចេញពី សុខសន្តិភាព ក្រោមការដឹកនាំ របស់រាជរដ្ឋាភិបាលកម្ពុជា និងគណបក្សប្រជាជនកម្ពុជា។
នៅក្នុងសុន្ទរកថា ថ្លែងទៅកាន់អង្គមីទ្ទិញ និងជូនជនរួមជាតិនៅគ្រប់ទិសទី សម្តេចតេជោ នាយករដ្ឋមន្រ្តី បានរម្លឹកឡើងថា៖ កាលពី៤០ឆ្នាំមុន នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ របបប្រល័យពូជសាសន៍ប៉ុលពត ត្រូវបានផ្តួលរំលំដោយកម្លាំងមហាសាមគ្គីជាតិ នៃប្រជាជនយើង ដែលបានក្រោកឈរ ប្រយុទ្ធយ៉ាងអង់អាចបំផុតដើម្បីសេរីភាព និងការរស់រានមានជីវិតរបស់ខ្លួន ក្រោមការដឹកនាំ នៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា។ មហាជ័យជំនះជាប្រវត្តិសាស្រ្តនេះ បានបើកឡើងនូវទំព័រ សករាជថ្មី នៃប្រវត្តិសាស្ត្រកម្ពុជាសម័យទំនើប ដែលធ្វើអោយយើងមានអ្វីៗគ្រប់យ៉ាងនៅថ្ងៃនេះ និងមាននូវការជឿជាក់ ចំពោះអនាគតដ៏រុងរឿងរបស់ខ្លួន។ ទិវាជាប្រវត្តិសាស្រ្តនេះ ត្រូវបានកត់ត្រាទុកជារៀងរហូត នៅក្នុងការចងចាំរបស់ប្រជាជនកម្ពុជាគ្រប់ៗរូប គ្រប់ៗជំនាន់ ដែលស្រឡាញ់សន្តិភាពសេរីភាព និងយុត្តិធម៌។ សម្ដេចតេជោ បញ្ជាក់ថា៖ ការប្រារព្ធពិធីដ៏មហោឡារិកនេះឡើង ដើម្បីរំលឹកនូវការចងចាំមិនអាច បំភ្លេចបានចំពោះមហាឧក្រិដ្ឋកម្ម ដ៏សាហាវព្រៃផ្សៃបំផុត នៃរបបកម្ពុជាប្រជាធិបតេយ្យរបស់ពួកប៉ុលពត ដែលបាន ប្រព្រឹត្តមកលើមាតុភូមិ និងប្រជាជនកម្ពុជា ក្នុងស្មារតីគោរពដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះយុទ្ធជន យុទ្ធនារី និងអ្នកស្នេហាជាតិទាំងឡាយ ដែលបានធ្វើពលីកម្មប្រកបដោយវីរភាព ក្នុងការតស៊ូ ផ្ដួលរំលំរបបប្រល័យពូជសាសន៍ និងការពារមិនឲ្យរបបនេះចវិលត្រឡប់មកកម្ពុជា ជាថ្មីវិញបាន។ ក្នុងសុន្ទរកថា ដែលមានរហូតទៅដល់ ជាង១០ទំព័រនោះ សម្ដេចតេជោ បានរម្លឹកឡើងវិញអំពីដំណើរជាតិកម្ពុជា ដែលបានធ្លាក់ក្នុងភ្លើងសង្គ្រាម និងរបបប្រល័យពូជសាសន៍ប៉ុលពត, ព្រមទាំង រម្លឹកពីការតស៊ូរំដោះប្រទេសជាតិ និងការស្ដារយ៉ាងលំបាកលំបិនពីចំណុចសូន្យ ដើម្បីការរស់ឡើងវិញ នៃប្រទេសជាតិ និងប្រជាជន នៅក្រោយថ្ងៃ៧ មករា ឆ្នាំ១៩៧៩ និងរហូតដល់ការដាក់ចេញនូវនយោបាយ ឈ្នះ ឈ្នះ បញ្ចប់សង្គ្រាមទាំងស្រុងពីកម្ពុជា ហើយការទទួលបាននូវ សន្តិភាព សន្តិសុខ និងស្ថិរភាព នយោបាយនេះ បានបង្កើតឱកាសមាស ដែលពុំធ្លាប់មានដល់កម្ពុជា ក្នុងការអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច ឱ្យសម្រេចបាន សមិទ្ធផលយ៉ាងធំធេង គួរជាទីមោទនៈ ក្នុងរយៈពេលជាងពីរទសវត្សរ៍ចុងក្រោយនេះ។ ជាមួយនេះ សម្ដេចប្រមុខរាជរដ្ឋាភិបាល ក៏បានគូសបញ្ជាក់ដែរថា៖ លើមូលដ្ឋាន នៃកម្មវិធីនយោបាយ ដែលទទួលបាននូវការគាំទ្រ ដ៏កុះករ ពីសំណាក់ប្រជាពលរដ្ឋ ទូទាំងប្រទេស នៅក្នុងការបោះឆ្នោត នាខែកក្កដា ឆ្នាំ២០១៨កន្លងទៅ រាជរដ្ឋាភិបាល កំពុងជំរុញអនុវត្តយ៉ាងសកម្មនូវរបៀបវារៈ អភិវឌ្ឍន៍ជាតិ ដ៏ស៊ីជម្រៅ និងទូលំទូលាយ តាមរយៈយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដែលសម្ដេចបានដាក់ចេញ ដោយមិនទុកឲ្យ ស្ថានភាពអាក្រក់ណាមួយ មកបង្កជាឧបសគ្គរារាំងដល់ ការសម្រេចនូវ ក្ដីប្រាថ្នា របស់យើងនោះឡើយ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាល បើកទូលាយ នូវកិច្ចសន្ទនា ដ៏ស្មោះស ជាមួយបណ្ដាគណបក្សនយោបាយ សង្គមស៊ីវិល និងរាល់មជ្ដ្ឋានជឿនលឿន ទាំងអស់សំដៅប្រមែប្រមូល គំនិតបញ្ញា និង ធនធានមនុស្សពីគ្រប់ប្រភព ដោយគ្មានការបែងចែក រើសអើង ដើម្បីបង្កើនកម្លាំងសរុប នៅក្នុងកិច្ចការកសាង និងអភិវឌ្ឍជាតិ។ សម្ដេចសង្កត់ធ្ងន់ថា៖ ភាពកក់ក្ដៅ សុខដុមរមនា និងការរីកចម្រើន នៃសង្គមជាតិ កើតចេញពីទឹកចិត្ត យោគយល់ និងការចេះអធ្យាស្រ័យ អត់ឱនឱ្យគ្នា ទៅវិញទៅមក រវាងគ្រប់និន្នាការ និងការចេះធ្វើការងារ និងការហ៊ានទទួលយក ការរិះគន់ដើម្បីស្ថាបនា និងពីការគោរពប្រតិបត្តិច្បាប់ទាំងអស់គ្នា។ ប៉ុន្តែមានប្រវត្តិសាស្រ្តមួយ ដែលយើងមិនអាចឲ្យកើតមានសាដានឡើងវិញបានទេ នោះ គឺការបែកបាក់ជាតិ មានប្រភពពីមហិច្ឆតា របស់អ្នកនយោបាយ ដែលយកប្រជាជនធ្វើជាឧបករណ៍ ដើម្បីសម្រេច ផលប្រយោជន៍ ផ្ទាល់របស់ខ្លួន ដោយពុំគិតដល់ជោគវាសនារបស់ជាតិ។ សម្ដេចតេជោ បង្ហាញ ជំនឿថា ជាមួយនឹងការខិតខំពុះពារប្រឹងប្រែង ឥតសំចៃកម្លាំងកាយ ចិត្ត ប្រាជ្ញា និងស្មារតី យើងពិតជានឹងសម្រេចបាន នូវគោលដៅដ៏ឧត្តុង្គឧត្តម និងការកសាងកម្ពុជា ឲ្យកាន់តែ រីកចំរើនក្លាយ ទៅជាប្រទេសជឿនលឿនមួយ និងជាសង្គមប្រកបដោយអរិយធម៌ និងសេចក្ដីស្រលាញ់ ដោយគ្មានការកើតឡើងជាថ្មី នូវសង្គ្រាម អំពើប្រល័យពូជសាសន៍ និងការបាក់បែកផ្ទៃក្នុងជាតិ ដូចពេលមុនទៀត។ ក្នុងស្មារតីនេះ យើងប្ដេជ្ញាដាច់ខាតថែរក្សាឱ្យបានគង់វង្ស និងរឹងមាំនូវសុខសន្តិភាព និងរាល់ សមិទ្ធផល នៃការអភិវឌ្ឍដែលសម្រេចបានមកដោយលំបាកលំបិន ជាមួយនិងពលីកម្ម ដ៏ធំធេង មិនឲ្យ កម្លាំងណាមកបំផ្លាញបានឡើយ។ ឆ្លៀតក្នុងនេះដែរ សម្ដេចតេជោ ក៏បានថ្លែងអំណរគុណ ដ៏ជ្រាលជ្រៅ ចំពោះបណ្ដាប្រទេសជាមិត្ត ជិតឆ្ងាយ និងសហគមន៍ អន្តរជាតិ ដែលបានគាំទ្រ និងផ្ដល់ជំនួយឧបត្ថម្ភសព្វបែបយ៉ាង ដល់កម្ពុជា តាំងពី គ្រាលំបាកបំផុតរហូតមកដល់បច្ចុប្បន្ន។ សម្ដេចបញ្ជាក់ថា រាល់សមិទ្ធផលដែលកម្ពុជា សម្រេច បាន ក្នុងរយៈពេល៤០ឆ្នាំមកនេះ គឺមិនអាចកាត់ផ្ដាច់ ពីការជួយឧបត្ថម្ភ ដ៏សប្បុរស ពីសំណាក់បណ្តា ប្រទេសជាមិត្តភាក់ និងដៃគូអន្តរជាតិបានឡើយ។ ជាមួយនឹងការដឹងគុណនេះ កម្ពុជាប្ដេជ្ញាបន្តផ្ដល់សារសំខាន់ខ្ពស់ដល់ការពង្រឹង និងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អ ជាមួយបណ្តាប្រទេស និងសហគមន៍អន្តរជាតិ ក៏ដូចជាដល់ការជំរុញសមាហរណកម្មខ្លួន ទៅក្នុងតំបន់ និងពិភពលោក ដើម្បីលើកកម្ពស់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមកម្ពុជាផ្ទាល់ផង និងដើម្បីបង្កើន ការចូលរួម ដ៏សកម្មរបស់កម្ពុជានៅក្នុងបុព្វហេតុសន្តិភាព សន្តិសុខ ស្ថេរភាព វឌ្ឍនភាព និងវិបុលភាព នៃតំបន់ និងពិភពលោកផង។ ក្នុងស្មារតីនេះ រាជរដ្ឋាភិបាល សង្ឃឹមថា ដៃគូបរទេសមួយចំនួន ដែលអាច មានបុរេវិនិច្ឆ័យមិនត្រឹមត្រូវចំពោះកម្ពុជា នឹងស្វែងយល់ឱ្យបានច្បាស់អំពី សភាពការណ៍ នៅកម្ពុជា ក៏ដូចជាអំពីបំណងប្រាថ្នា របស់ប្រជាជនកម្ពុជា ហើយចូលរួមប្រកបដោយភាពស្ថាបនា និងសុឆន្ទៈពិតៗ ដល់ការពង្រឹងសន្តិភាព និងការអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា។
នៅកម្មវិធីចុងក្រោយនៃមិទ្ទិញ ក៏មានពិធីដង្ហែក្បួនព្យូហយាត្រា រថយន្តតំណាងរាជធានី ខេត្ត ទាំង២៥ និងសហភាពសហព័ន្ធយុវជនកម្ពុជា, ការសម្ដែងសិល្បៈ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងមានពិធីលែងព្រាប បង្ហោះប៉េងប៉ោង និងស្រែកជ័យឃោសន៍ អបអរសាទរ យ៉ាងឧឡារិក ក្នុងទិវាជ័យជម្នះ ៧មករា ខួបលើកទី៤០ ជាប្រវត្កិសាស្រ្តនេះ ផងដែរ ៕