នៅព្រឹកថ្ងៃច័ន្ទ ១៤កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែឧសភានេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានចុះត្រួតពិនិត្យ និងទស្សនាការបាញ់សាកល្បងបាញ់គ្រាប់ពិត ហនុមានមាស ឆ្នាំ២០១៨ ប្រភេទអាវុធប្រតិកម្ម BM-21 និងអាវុធអូសសណ្តូង នៅភូមិត្រពាំងវែង ឃុំត្រពាំងរាំង ស្រុកជុំគិរី ខេត្តកំពត។ ក្នុងឱកាសនោះក៏មានវត្តមានផងដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង និងឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាប្រធាន គណៈកម្មាការរៀបចំលំហាត់បាញ់គ្រាប់ពិតហនុមានមាសឆ្នាំ២០១៨ នៃខ.ភ.ម។
លំហាត់បាញ់គ្រាប់ពិតហនុមានមាសឆ្នាំ2018 នៃ ខ.ភ.ម បានដោយផ្តោតទៅលើខ្លឹមសារ នៃយុទ្ធនាការយានយន្តវាយបកកម្ទេចទីតាំងខ្មាំង។ ក្នុងគោលបំណង ដើម្បីពង្រឹងបង្កើនសមត្ថភាព ចំណេះដឹង និងជំនាញនាយទាហាន នាយទាហានរង និងពលទាហាន នៃខ.ភ.ម ក្នុងកិច្ចការពារបូរណភាពទឹកដី នាពេលបច្ចុប្បន្ន និងអនាគត។ ម្យ៉ាងទៀតដើម្បីត្រួតពិនិត្យ វាស់ស្ទង់ សមត្ថភាពកងទ័ព ក្រោយពីធ្វើការហ្វឹកហ្វឺនតាមបណ្តាសាលា និងកងឯកភាពរួចមក ហើយនេះក៏ពុំមានការគំរាមកំហែងណាមួយទេ ខណៈការបាញ់នេះក៏នឹងចំណាយគ្រាប់ធន់ធ្ងន់ជាងមួយពាន់គ្រាប់នោះ។ លំហាត់នេះធ្វើឡើងក្នុងរូបភាពកងពលតូចអន្តរាគមន៍ វាយបក ក្នុងរចនាសម្ព័ន្ធមានដូចជា វរសេនាតូចរថពាសដែក មួយវរសេនាតូចរថក្រោះ T55 មួយវរសេនាតូចកាំភ្លើងធំ និងបង្កើនថែមឲ្យកាំភ្លើងយុទ្ធសាស្រ្ត BM21 និងRM70 ជាដើម។ ដោយមានលំហាត់នៅទីបញ្ជាការ លើការងារសេនាធិការ, ទីបញ្ជាការកងពលតូច និងដឹកនាំបញ្ជាប្រយុទ្ធ។ លំហាត់ទីលាន មានស៊ើបការណ៍, ការរាវមីន និងកម្ទេចយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងកាំភ្លើងបាញ់កម្ទេចខ្មាំងជួរមុខ។ ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជាប្រធានគណៈកម្មាការរៀបចំលំហាត់បាញ់គ្រាប់ពិតហនុមានមាសឆ្នាំ២០១៨ នៃខ.ភ.ម បានឲ្យដឹងថា នៅក្នុងលំហាត់នេះ មានរៀបចំការសម្តែងបាញ់កាំភ្លើងធំ122 D30A ចំនួន១៨ដើម, កាំភ្លើងធំ152 D20 ចំនួន ៤ដើម និងអាវុធប្រតិកម្មBM21 និងRM20 ចំនួន ២០គ្រឿង ព្រមទាំងការរៀបចំទីបញ្ជាការរបស់កងពលតូច។ ឯកឧត្តម បានបញ្ជាក់ថា ការបាញ់ចែកជាពីរដំណាក់កាល គឺបាញ់យកគោលដៅ និងបាញ់ផ្តុំ ហើយការបាញ់សាកល្បងបានប្រព្រឹត្តបានយ៉ាងដោយចំគោលដៅ១០០% ក្នុងរង្វង់ប្រតិបត្តិការ ៨០០ទៅ១ពាន់ម៉ែត្រ។
អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ុល សារឿនបានថ្លែងថា លំហាត់ហ្វឹកហ្វឺនបាញ់គ្រាប់ពិត «ហនុមានមាសឆ្នាំ២០១៨» គឺធ្វើឡើងដើម្បីបង្កើនសមត្ថភាពកងទ័ព និងការពារខ្លួន ពុំមានការគំរាមកំហែងណាមួយនោះឡើយ ខណៈប្រទេសជាតិមានសុខសន្តិភាពកងទ័ពត្រូវតែឈ្លៀតឱកាសហ្វឹកហាត់បន្ថែម។ ឯកឧត្តម នាយឧត្តមសេនីយ៍ បានបន្តថា ប្រទេសណាក៏ដូចប្រទេសណាដែរ កងទ័ពត្រូវតែបំពាក់នូវសព្វាវុធទំនើបៗបន្ថែម និងត្រូវតែបង្កើននូវជំនាញរបស់ខ្លួនបន្ថែម។ ដើម្បីធ្វើយ៉ាងណាពង្រឹងសមត្ថភាពចំណេះដឹង ជំនាញ និងវាស់ស្ទង់សមត្ថភាពរបស់ ខ.ភ.ម ជាពិសេស ដើម្បីធ្វើជារបងដ៏រឹងមាំ នៃកិច្ចការពារជាតិ ថែរក្សាសន្តិភាព ការពារបូរណភាពទឹកដី ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល គឺមិនឈ្លានពានគេ ហើយក៏មិនអនុញ្ញាតឱ្យគេឈ្លានពានសូម្បីតែមួយមីល្លីម៉ែត្របានឡើយនោះ។ ជាមួយគ្នានោះឯកឧត្តម បានលើកឡើងទៀតថា កងទ័ពគ្មានពេលសម្រាក់នោះទេ សម្រាប់កិច្ចការងារការពារប្រទេសជាតិនោះ បើទោះបីជានាពេលបច្ចុប្បន្នប្រទេសកម្ពុជាកំពុងមានសុខសន្តិភាពយ៉ាងណាក៏ដោយនោះ។ ឯកឧត្តម ប៉ុល សារឿន បានបញ្ជាក់ថា ពេលប្រទេសមានសុខសន្តិភាព កងទ័ពត្រូវមានភារកិច្ចហ្វឹកហ្វឺនន្ថែម ហើយពេលមានសកម្មភាពបែបនេះគឺនឹងធ្វើឲ្យកងទ័ពកាន់តែមានគុណភាព និងសមត្ថភាពបន្ថែមទៀត ស្របពេលដែលកងទ័ពកម្ពុជាយើង បានចូលដល់កម្រិតមួយគេហៅថាកងទ័ពមានលក្ខណៈអនុ្តរជាតិ ទាំងនៅក្នុងតំបន់ និងពិភពលោក ខណៈកងទ័ពកម្ពុជារាប់ពាន់នាក់ បានទៅចូលរួមបំពេញបេសកកម្មនៅបរទេសក្រោមឆ័ត្រអង្គការសហប្រជាជាតិនោះ។ នៅក្នុងឱកាសនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧបត្ថម្ភដល់សាលាស្រុកជុំគីរី មានម៉ាស៊ីនកុំព្យូទ័រចំនួន០៨គ្រឿង, ព្រីនធឺរចំនួន០៨គ្រឿង, វិទ្យុទាក់ទង និងអង្ករចំនួន០៥តោន ព្រមទាំងបានចែកជូនថវិការដល់នាយទាហាន និងពលទាហាន ចូលរួមលំហាត់សមយុទ្ឋបាញ់គ្រាប់ពិត ហនុមានមាស ឆ្នាំ២០១៨នេះផងដែរ។ សូមបញ្ជាក់ថា លំហាត់សមយុទ្ឋបាញ់គ្រាប់ពិតដែលមានលក្ខណៈទ្រង់ទ្រាយធំឆ្នាំនេះជាលើកទី៣ហើយដោយលើកទី១ ប្រព្រឹត្តទៅកាលពីឆ្នាំ២០១០ និងលើកទី២ឆ្នាំ២០១៣។ មានកម្លាំងចូលរួមក្នងលំហាត់នេះ មានកម្លាំងរួមចំនួន 1948នាក់ ក្នុងនោះ កម្លាំងអនុវត្តលំហាត់ ចំនួន 803នាក់ និងកម្លាំងបំរើការចំនួន1145នាក់ ៕