នៅរសៀលថ្ងៃទី០៩ ខែវិច្ឆកា ម្សិលមិញនេះ ក្នុងឱកាសអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៦៨ ទិវាបុណ្យឯករាជ្យជាតិ និងជាថ្ងៃកំណើត ខ.ភ.ម (៩ វិច្ឆកា ១៩៥៣ - ៩ វិច្ឆិកា ២០២១) ក្រសួងការពារជាតិ បានរៀបចំពិធីក្រុងពាលី អគារដ្ឋបាល និងសាលប្រជុំ ទីស្តីការក្រសួងថ្មី ដោយបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកជំទាវ តៅ ទឿន ទៀបាញ់ និងដោយមានការអញ្ជើញចូលរួមពីសំណាក់ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គបញ្ជាការនៃ ខ.ភ.ម, នាយឧត្តមសេនីយ៍ ជារដ្ឋលេខាធិការ ថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន មេបញ្ជាការ ប្រភេទទ័ពទាំងបី និងនាយទាហាន នៃខ.ភ.ម ជាច្រើនរូបទៀត។
ក្នុងឱកាសនោះ ក៏មានយាង និមន្តសម្តេចសង្ឃ៩អង្គជយន្តោ ប្រោះព្រំដងទង់ជាតិ ចំនួន ២ដើម, ស្លាកសញ្ញាក្រសួងការពារជាតិ និងទាញស្បៃស្លាកឈ្មោះក្រសួងការពារជាតិ ផងដែរ។
សូមជម្រាបថា៖ បន្ទាប់ពីពិធីក្រុងពាលីនារសៀលថ្ងៃទី០៩ ខែវិច្ឆកា ឆ្នាំ២០២១មក ពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអគារដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពារជាតិថ្មីនេះ គ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅចំថ្ងៃប្រារព្ធខួបលើកទី២៣ឆ្នាំ ដែលប្រទេសជាតិកម្ពុជាទាំងមូល បានបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុង និងទទួលបានសុខសន្តិភាពពេញលេញនៅទូទាំងប្រទេស ក្រោមនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន។
ការដ្ឋានសាងសង់អគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពារជាតិ បានបើកដំណើរការសាងសង់នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ ក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ដែលតាមគម្រោងនៃផែនការសាងសង់អគារថ្មីមួយនេះ មានរយៈពេល ៣៦ខែ នឹងត្រូវបញ្ចប់ការសាងសង់នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១។ ប៉ុន្តែដោយសារវិបត្តិជម្ងឺកូវីដ-១៩ ដំណើរការសាងសង់ ត្រូវបានស្នើរសុំពន្យាកិច្ចសន្យារយះពេល ៤ខែ ដូចនេះការដ្ឋានត្រូវអូសបន្លាយរហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ ទើបបានបញ្ចប់រួចរាល់ជាស្ថាពរ។
អគាររដ្ឋបាល និងសាលប្រជុំ ទីស្តីការក្រសួងការពារជាតិថ្មី ដែលបានសាងសង់រួចរាល់ហើយនេះ មានទទឹងប្រវែង ២៨ម៉ែត្រ បណ្តោយប្រវែង ១៩១ម៉ែត្រ កម្ពស់ ៣២ម៉ែត្រ និងមានចំណតរថយន្តនៅជាន់ក្រោមដីមួយជាន់ ដែលអាចចតរថយន្តបានចំនួន ១៥០គ្រឿង។ ក្នុងអគាររដ្ឋបាល-ទីស្តីការ ក្រសួងការពារជាតិថ្មីនេះ បានរៀបចំទីកន្លែងសម្រាប់ទទួលបដិសណ្ឋារកិច្ច បណ្តាប្រតិភូថ្នាក់ជាតិ និងអន្តរជាតិ ធ្វើពិធីត្រួតពល កងកិត្តិយស-ត្រែទ័ព នៅក្នុងអគារពេលមានភ្លៀងធ្លាក់។ ក្រៅពីនេះ មានរៀបចំជាបន្ទប់ប្រជុំតូច-ធំ រៀបចំជាបន្ទប់សវនាការ តូច-ធំ រៀបចំទីធ្លាសន្និសីទកាសែត និងសាលប្រជុំធំមួយ ដែលមានសមត្ថភាពអាចទទួលអ្នកចូលរួមប្រជុំបាន ១ពាន់នាក់ សំរាប់ការប្រជុំថ្នាក់ជាតិ និងអន្តរជាតិផងដែរ។
គួរបញ្ជាក់ផងដែរថា៖ ដើម្បីចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៦៨ នៃទិវាបុណ្យឯករាជ្យជាតិ នឹងថ្ងៃខួបកំណើត ខ.ភ.ម (០៩ វិច្ឆិកា ១៩៥៣ - ០៩ វិច្ឆិកា ២០២១នេះ) នៅក្នុងអាគាររដ្ឋបាល នៃទីស្ដីការក្រសួងការពារជាតិថ្មី ក៍មានរៀបចំនៅស្តង់ពិព័រណ៍ ស្ដីពីកិច្ចដំណើរការសាងសង់អាគារ ទីស្ដីការក្រសួងការពារជាតិថ្មី និងសកម្មភាពនានា របស់បណ្ដាអង្គភាពក្នុងកងយោធពលខេមរភូមិន្ទ ដែលក្នុងនោះរួមមាន៖ ស្តង់ពិព័រណ៍រូបភាព របស់អគ្គលេខាធិការដ្ឋាន ក្រសួងការពារជាតិ, ស្តង់ពិព័រណ៍រូបភាព អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេសក្រសួងការពារជាតិ, ស្តង់ពិព័រណ៍រូបភាព អគ្គបញ្ជាការដ្ឋាន, ស្តង់ពិព័រណ៍រូបភាព បញ្ជាការដ្ឋានអង្គរក្ស, ស្តង់ពិព័រណ៍រូបភាព មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព, ស្តង់ពិព័រណ៍រូបភាព កងរាជអាវុធហត្ថលើផ្ទៃប្រទេស, ស្តង់ពិព័រណ៍រូបភាព អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស និងស្តង់ពិព័រណ៍រូបភាព របស់នាយកដ្ឋានទំនាក់ទំនងអន្តរជាតិ ក្រសួងការពារជាតិ ដែលស្តង់ពិព័រណ៍រូបភាពទាំងនោះ សុទ្ធតែបានបង្ហាញអំពីសកម្មភាពដ៏រស់រវើក នៃបេសកកម្មរបស់កងយោធពលខេមរភូមិន្ទ ក្នុងការចូលរួមគ្រប់សកម្មភាពនៃការអភិវឌ្ឍប្រទេស ជាមួយរាជរដ្ឋាភិបាល នឹងឆន្ទៈបម្រើជាតិ ការពារជាតិ និងការពារផលប្រយោជន៍របស់ប្រជាជន ដោយភាពស្មោះត្រង់ ៕