កែវផ្ទុកតំណក់ប្រេងលើកដំបូងរបស់កម្ពុជា ដែលជាសមិទ្ធផល នៃនយោបាយឈ្នះ ឈ្នះ ត្រូវបានយកមកដាក់រក្សាទុកនៅសារមន្ទីរមគ្គុទេសន៍សម្តេចតេជោ វិមានឈ្នះ ឈ្នះ នាព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ ដើម្បីទុកជាកេរដំណែលប្រវត្តិសាស្រ្ត សំរាប់ព្រះរាជាណាចក្រកម្ពុជា។ ពិធីប្រគល់ និងទទួល កែវផ្ទុកតំណក់ប្រេងដំបូងរបស់កម្ពុជា ដាក់តាំងនៅសារមន្ទីរមគ្គុទេសន៍សម្តេចតេជោ វិមានឈ្នះ ឈ្នះ បានប្រារព្ធធ្វើនៅ វិមានឈ្នះ ឈ្នះ ស្ថិតក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ប្រធានគណៈកម្មការសាងសង់វិមានឈ្នះឈ្នះ និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និង ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល។
សូមបញ្ជាក់ថា៖ ការរកឃើញដំណក់ប្រេងលើកដំបូងរបស់កម្ពុជា ត្រូវបានប្រកាសដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ចំនឹងថ្ងៃខួបលើកទី២២ នៃទិវានយោបាយឈ្នះ ឈ្នះ របស់សម្តេច។ ការរកឃើញដំណក់ប្រេងលើកដំបូងនេះ គឺស្ថិតនៅតំបន់ប្លុក A នៃឈូងសមុទ្រកម្ពុជា ដោយក្រុមហ៊ុន គ្រីស អេនណឺយី (Kris Energy) ដែលបានខួងប្រេងចេញពីបាតសមុទ្រ ក្នុងខេត្តព្រះសីហនុ។ រាជរដ្ឋាភិបាល ធ្លាប់បានបញ្ជាក់ថា៖ ចំណូលទទួលបានពីវិស័យប្រេងកាតនេះ នឹងត្រូវផ្តល់អាទិភាព ទៅលើវិស័យអប់រំ និងវិស័យសុខាភិបាល។
ឯកឧត្តម ស៊ុយ សែម បានមានប្រសាសន៍ថា៖ តំណក់ប្រេងដំបូងដែលកម្ពុជាទទួលបានកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ គឺជាសមិទ្ធផលប្រវត្តិសាស្ត្រ ហើយក៏ជានិមិត្តរូប នៃភាពជោគជ័យរបស់កម្ពុជាទាំងមូល ដែលប្រជាពលរដ្ឋទូទាំងប្រទេសបានទន្ទឹងរង់ចាំជាច្រើនជំនាន់មកហើយ។ ក្នុងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិក ក្រសួងរ៉ែ និងថាមពល, ឯកឧត្តម ស៊ុយ សែម បានសម្តែងការអបអរសាទរ ចំពោះសមិទ្ធផលថ្មីក្រោមម្លប់នៃសន្តិភាពពេញលេញ កើតចេញពីនយោបាយឈ្នះ ឈ្នះ របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម បានបញ្ជាក់ថា៖ តំណក់ប្រេងដំបូងរបស់កម្ពុជា ក្នុងបរិបទសេដ្ឋកិច្ចពិភពលោកដ៏លំបាក ដែលគំរាមគំហែងដោយរោគរាតត្បាតនៃជម្ងឺកូវីដ-១៩ គឺជាសក្ខីភាពនៃការខិតខំប្រឹងប្រែង អំណត់ព្យាយាម និងពុះពារសម្រេចជោគជ័យរបស់រាជរដ្ឋភិបាល និងវិនិយោគិន ដែលយើងទាំងអស់គ្នាសូមចូលរួមកោតស្ញប់ស្ញែង។
សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងថា៖ តាមរយៈ នយោបាយឈ្នះឈ្នះរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើឱ្យប្រទេសជាតិមានសន្តិភាព«ពេញលេញឯកភាពជាតិ ឯកភាពទឹកដី និងមានការអភិវឌ្ឍលើគ្រប់វិស័យ ប្រជាជនមានសិទ្ធិសេរីភាពបរិបូណ៍ និងរស់នៅយ៉ាងសុខដុមរមនា ការពារយ៉ាងរឹងមាំនូវឯករាជ្យអធិបតេយ្យភាព និងបូរណភាពទឹកដី ហើយកំពុងបន្តឈានទៅមុខយ៉ាងស្វាហាប់លើមាគ៌ា សន្តិភាព និងប្រជាធិបតេយ្យ ឆ្ពោះទៅសម្រេចគោលដៅតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដែលបានដាក់ចេញ។
ក្នុងរយៈពេល ២៣ឆ្នាំចុងក្រោយនេះ ប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យគួរឲ្យកត់សម្គាល់ ក្នុងនោះវិស័យរ៉ែ និងថាមពល គឺជាវិស័យមួយរួមចំណែកយ៉ាងសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែមានភាពរីកចម្រើនថែមទៀត។ ជាក់ស្តែង តំណក់ប្រេងដំបូងរបស់កម្ពុជា ដែលទទួលបានកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ គឺជាការចាប់ផ្ដើមជំហានដំបូងមួយដ៏សំខាន់ សម្រាប់កម្ពុជាឆ្ពោះទៅបង្កើតបាននូវសមត្ថភាពជាតិ និងខឿនឧស្សាហកម្មប្រេងកាត ឧស្ម័ន និងថាមពលនៅកម្ពុជា។ ផលប្រយោជន៍សំខាន់ៗ នៃឧស្សាហកម្មប្រេងកាត ឧស្ម័ន និងថាមពលនេះ បាននាំមកនូវចំណូលថវិកាជាតិ ហើយផលសេដ្ឋកិច្ចទទួលបានពីការបង្កើតនៅពិពិធកម្ម ខឿនឧស្សាហកម្មក្នុងវិស័យប្រេងកាត និងកសាងសមត្ថភាពជាតិក្នុងវិស័យនេះថែមទៀតផង។ សមិទ្ធិផលសម្រេចបានទាំងអស់នេះ បានឆ្លុះបញ្ចាំងឱ្យឃើញច្បាស់ពីសមត្ថភាព និងប្រសិទ្ធភាព នៃការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិត ស្មារតីសាមគ្គីភាពឯកភាពផ្ទៃក្នុងដ៏រឹងមាំ និងការចូលរួមយ៉ាងសកម្មរបស់ប្រជាជនប្រកបដោយភាពជាម្ចាស់ ក្នុងការថែរក្សាសមិទ្ធផល នៃសង្គមជាតិតាមទិសស្លោក អរគុណសន្តិភាព ស្រឡាញ់សន្តិភាព មានសន្តិភាពទើបមានការអភិវឌ្ឍ និងមានអ្វីៗទាំងអស់។
សម្ដេចពិជ័យសេនា ក៏បានអំពាវនាវដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ បន្តចូលរួមគាំទ្រអភិវឌ្ឍសារមន្ទីរមគ្គុទ្ទេសក៍តេជោសែនយើងនេះ ទៅតាមតួនាទី ភារកិច្ចរៀងៗខ្លួន ឲ្យកាន់តែរីកចម្រើនថែមទៀត តាមរយៈការផ្ដល់វត្ថុតឹកតាង និងឯកសារពាក់ព័ន្ធដែលជាសមិទ្ធិផលសំខាន់ៗសម្រេចបានជាប្រវត្តិសាស្ត្រ តាមរយៈនយោបាយឈ្នះឈ្នះ ដើម្បីក្រុមការងារ តម្កល់ទុកក្នុងសារមន្ទីរវិមានឈ្នះឈ្នះ សម្រាប់ទុកជូនមនុស្សជំនាន់ក្រោយសិក្សារៀនសូត្រ ដូចដែលក្រសួងរ៉ែ និងថាមពល បានប្រគល់ជូននាថ្ងៃនេះ ជាសក្ខីភាពស្រាប់។
នៅក្នុងឱកាសនោះ បន្ទាប់ពី ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានប្រគល់កែវផ្ទុកតំណក់ប្រេងដំបូងរបស់កម្ពុជាជូនដល់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ប្រធានគណៈកម្មការសាងសង់វិមានឈ្នះឈ្នះ សំរាប់ដាក់តាំងនៅក្នុងសារមន្ទីរវិមានឈ្នះឈ្នះរួចមក អង្គពិធីទាំងមូលក៏បានដង្ហែរកែវផ្ទុកតំណក់ប្រេងដំបូងរបស់កម្ពុជា ជុំវិញតំបន់ ៥ជ្រុង នៃវិមានឈ្នះឈ្នះ និងបានយកទៅតម្កល់ទុកនៅក្នុងសារមន្ទីរមគ្គុទេសន៍សម្តេចតេជោ វិមានឈ្នះ ឈ្នះ។ សូមបញ្ជាក់ថា៖ កែវតំណក់ប្រេងដែលយកមកតម្កល់នៅក្នុងវិមាននយោបាយឈ្នះ-ឈ្នះនៅពេលនេះ ត្រូវបានរៀបចំតាមរចនាបទខ្មែរ និងមានអត្ថន័យសំខាន់ៗដូចជា៖
១- កែវដំណក់ប្រេងមានទម្រង់ក្រពុំឈូក ឬស្លឹកពោធិតំណាងឲ្យភាពរុងរឿង បរិសុទ្ធ ការចម្រើន លូតលាស់ ដែលជាកំណប់ទ្រព្យរបស់កម្ពុជា។ កែវដំណក់ប្រេងមានកម្ពស់ ២៩សង់ទីម៉ែត តំណាងឲ្យថ្ងៃទី២៩ ដែលទទួលបានដំណក់ប្រេងដំបូងរបស់កម្ពុជា។
២- ជើងពានត្របកឈូក តំណាងឲ្យសេចក្ដីខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំរហូតទទួលបាននូវលទ្ធផលផ្លែផ្កា គឺការទទួលបាននូវធនធានប្រេងកាតសម្រាប់អភិវឌ្ឍជាតិមាតុភូមិកម្ពុជា។ ជើងពានត្របកឈូក មានកម្ពស់ ១២សង់ទីម៉ែត្រ តំណាងឲ្យខែ១២ ឬខែធ្នូ ដែលទទួលបានដំណក់ប្រេងដំបូងរបស់កម្ពុជា។
៣- ពានជើងសឹង្ហ និងឋានជើងបាត តំណាងឲ្យការជ្រោមជ្រែងរបស់ប្រជាជនកម្ពុជា និងមន្ត្រីរាជការដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល និងមន្ត្រីពាក់ព័ន្ធនានា ក្នុងការខិតខំប្រឹងប្រែងធ្វើការងារទាញយកភោគផល នៃធនធានធម្មជាតិ ដើម្បីយកមកអភិវឌ្ឍសង្គមជាតិ។ ពានជើងសឹង្ហ និងឋានជើងបាត មានកម្ពស់ ២០សង់ទីម៉ែត្រ តំណាងឲ្យឆ្នាំ២០២០ ដែលទទួលបានដំណក់ប្រេងដំបូងរបស់កម្ពុជា។
៤- ក្បាច់កញ្ចាំងភ្លឺភ្លើងលម្អដោយនាគក្បាលបី តំណាងឲ្យតេជៈ ភាពចម្រុងចម្រើន សម្បូរ សប្បាយ និងតំណាងឲ្យឆ្នាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាសម័យកាលដែលទទួលបាននូវដំណក់ប្រេងដំបូងរបស់កម្ពុជា។
៥- និមិត្តរូបរួមនៃដំណក់ប្រេងដំបូងរបស់កម្ពុជាត្រូវបានប្រសិទ្ធនាមថា៖ “បឋមតេលពិន្ទុកម្ពុជា”។ បឋមតេលពិន្ទុកម្ពុជា (ភាសាបាលី) មកពីពាក្យ បឋម ប្រែថាដំបូង + តេល ប្រែថាប្រេង + ពិន្ទុ ប្រែថាដំណក់ + កម្ពុជា គឺប្រទេសកម្ពុជា។ ប្រែជារួមថា៖ “ដំណក់ប្រេងដំបូងរបស់កម្ពុជា”។
ក្នុងឱកាសនោះ បន្ទាប់ពីបានដាក់តាំងកែវផ្ទុកតំណក់ប្រេងលើកដំបូងរបស់កម្ពុជា ដែលជាសមិទ្ធផលនៃនយោបាយឈ្នះ ឈ្នះ នៅក្នុងសារមន្ទីរមគ្គុទេសន៍សម្តេចតេជោ វិមានឈ្នះ ឈ្នះរួចមក សម្តេចពិជ័យសេនា ទៀ បាញ់ និងឯកឧត្តម ស៊ុយ សែម ក៏បានអញ្ជើញទៅពិនិត្យចំលាក់ នៅតាមជញ្ជាំងវិមានឈ្នះ ឈ្នះ និងបានធ្វើការដាប់ឆ្លាក់ ជានិមិត្តរូប នៃរូបចំលាក់កែវផ្ទុកតំណក់ប្រេងលើកដំបូងរបស់កម្ពុជាផងដែរ។
បន្ទាប់មក សម្តេចពិជ័យសេនា ទៀ បាញ់ និងឯកឧត្តម ស៊ុយ សែម ក៏បានអញ្ជើញទៅទស្សនាសួនសមិទ្ធផលតេជោ ក្នុងវិមានឈ្នះ ឈ្នះ វិញ ដែលមានសួនខឿនការពារជាតិ នៃខ.ភ.ម សាងសង់ ដោយអគ្គបញ្ជាការ ខ.ភ.ម, សួនកងកំលាំងរក្សាសន្តិភាព បោសសំអាតមីននៅកម្ពុជា និងលើឆាកអន្តរជាតិ សាងសង់ដោយ មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព និងស៊ីម៉ាក់ និង សួនសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម រៀបចំកសាងដោយកងរាជអាវុធហត្ថ និងអគ្គស្នងការនគរបាលជាតិ ដែលសួនទាំងនេះ បានបង្ហាញពីសមិទ្ធផលនយោបាយ ឈ្នះ ឈ្នះ ៕