ថ្ងៃទី២០ ខែមិថុនា ទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៏ ប៉ុល ពត ត្រូវបានប្រារព្ធធ្វើនៅតំបន់ប្រវត្តិសាស្ត្រកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០។ ក្នុងឱកាសចូលរួមពិធីអបអរសាទរខួបលើកទី៤៣ ទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៏ ប៉ុល ពត ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧-ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ ក្រុមការងាររៀបចំពិធី បានជ្រើសរើសយកទីតាំងអាងដាច់អិច ១៦ (X-16) ជាប់ព្រំដែន កម្ពុជា-វៀតណាម ជាកន្លែងប្រារព្ធពីធី ហើយពិធីនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងមានការចូលរួមពី ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដីនគររូបនីយកម្ម និងសំណង់ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តមជា រដ្ឋលេខាធិការក្រសួងការពារជាតិ អគ្គមេបញ្ជាការ អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងទឹក ជើងគោក និងជើងអាកាស និងកងរាជអាវុធហត្ថ អគ្គនាយក អគ្គនាយករង និងនាយទាហាននៅក្នុងក្រសួងការពារជាតិ អគ្គបញ្ជាការ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក្នុងខេត្តត្បូងឃ្មុំ និងប្រជាពលរដ្ឋរស់នៅឃុំទន្លូង ស្រុកមេមុត ចូលរួមយ៉ាងច្រើនកុះករ។
ក្នុងពិធីរំលឹកខួបលើកទី៤៣ឆ្នាំនាឱកាសនោះ មុននឹងប្រារព្ធពិធីនៅចំណុច អិច១៦ សម្តេចពិជ័យសេនា ទៀ បាញ់ បានអញ្ជើញទៅពិនិត្យទីតាំងបណ្តោះអាសន្នសំរាប់រៀបចំធ្វើសារមន្ទីរ ដែលមានទីតាំងស្ថិតនៅក្នុងសាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុនសែន កោះថ្ម ស្ថិតនៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមុត ខេត្តត្បូងឃ្មុំ។ នៅក្នុងសារមន្ទីរនេះបានដាក់តាំងបង្ហាញរូបថតសម័យសង្រ្គាម ក្នុងកំឡុងទស្សវត្សទី៧០ រូបថតក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត និងផ្ទាំងគំនូររំលឹកពីទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៏ ប៉ុល ពត ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ព្រមទាំងរូបថតក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩។ បន្ទាប់មក សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានអញ្ជើញទៅអុចធូបនៅរោងអ្នកតាចាស់ និងរោងអ្នកតាថ្មី និងបានអញ្ជើញដាំដើមជ្រៃនៅពីមុខសាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុនសែន កោះថ្ម។ ឆ្លៀតក្នុងឱកាសនោះ សម្តេចពិជ័យសេនា ឯកឧត្តម ជា សុផារ៉ា និងឯកឧត្តម គន់ គីម ក៏បានអញ្ជើញទៅពិនិត្យទីតាំងបម្រុង សំរាប់សាងសង់សារមន្ទីនៅពីមុខសាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុនសែន កោះថ្ម ផងដែរ។ បន្ទាប់មកសម្តេចពិជ័យសេនា ក៏បានបន្តដំណើរទៅកាន់ទីតាំងប្រារព្ធពិធីនៅចំណុចឆ្លងកាត់ព្រំដែន អិច១៦ ដោយបានចុះពិនិត្យទីតាំងចំនួន២កន្លែង ដែលជាទីតាំងបម្រុងសាងសង់សាលាសំណាក់ ដែលទីតាំងទាំង២កន្លែងនោះ ជាចំណុចសម្តេចតេជោ បានធ្វើដំណើរឆ្លងកាត់កាលពីយប់ថ្ងៃទី២០ មិថុនា ឆ្នាំ១៩៧៧។
បន្ទាប់ពីបានចុះពិនិត្យទីតាំងសាងសង់សាលាសំណាក់ នៅតាមបណ្តោយផ្លូវពីសាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុនសែន កោះថ្ម ទៅកាន់ទីតាំងឆ្លងកាត់ព្រំដែនអិច១៦រួចមក សម្តេចពិជ័យសេនា ព្រមទាំងប្រតិភូអមដំណើរទាំងអស់ បានអញ្ជើញទៅចូលរួមក្នុងពិធីអបអរសាទរខួបលើកទី៤៣ឆ្នាំ ទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យ ពូជសាសន៏ ប៉ុល ពត ដែលបានប្រារព្ធធ្វើនៅទីតាំងអាងដាច់ អិច១៦ ជាប់ព្រំដែន កម្ពុជា វៀតណាម។ នាឱកាសនោះ សម្តេចពិជ័យសេនា ព្រមទាំងប្រតិភូអមដំណើរទាំងអស់ ក៏បានអញ្ជើញទៅអុចទៀន ធូប នៅរោងអ្នកតាដើមទ្រយឹង ដើម្បីបួងសួងសុំសេចក្តីសុខ សេចក្តីចំរើនផងដែរ។
ក្នុងសន្ទរកថាស្វាគមន៍របស់ ឯកឧត្តម ជាម ចន្ទ័សោភណ័ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា៖ សន្តិភាពបានបើកឡើងនូវឱកាស សំរាប់ការអភិវឌ្ឍលើគ្រប់វិស័យ និងសមិទ្ធផលដ៏មហាសាលនាពេលនេះ គឺដោយសារថ្ងៃ ២០ មិថុនា ឆ្នាំ១៩៧៧ ទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៏ ប៉ុល ពត។ ក្នុងឱកាសដ៏ថ្លៃថ្លា នៃពិធីគម្រប់ខួបលើកទី ៤៣ឆ្នាំ ទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៏ ប៉ុល ពត ថ្ងៃទី២០ ខែមិថុនា ឯកឧត្តម ជាម ចន្ទ័សោភណ័ ក្នុងនាមរដ្ឋបាលខេត្ត មន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋខេត្តត្បូងឃ្មុំ សូមសំដែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជា ហ៊ុន សែន និងកម្មាភិបាលយុទ្ធជន យុទ្ធនារីដែលបានតស៊ូប្រយុទ្ធ បូជាសាច់ស្រស់ឈាមស្រស់ ប្រកបដោយវីរភាពអង់អាចក្លាហាន ក្នុងតស៊ូរំដោះជាតិ ពីរបបប្រល័យពូជសាសន៍យ៉ាងប្តូរផ្តាច់នៅ គ្រប់ដំណាក់កាលក្នុងបុព្វហេតុជាតិ មាតុភូមិដ៏ឧត្តុងឧត្តមបំផុត។
ថ្លែងក្នុងពិធីខួបលើកទី ៤៣ ឆ្នាំ ទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យ ពូជសាសន៏ ប៉ុល ពត សម្តេចពិជ័យសេនា ទៀ បាញ់ បានចាត់ទុកថ្ងៃ ២០ មិថុនា ជាថ្ងៃដែលមានសារៈសំខាន់ សំរាប់មនុស្សជាតិ។ ទិវាចងចាំ ២០ មិថុនា ១៩៧៧ គឺជារបត់ទំព័រប្រវត្តិសាស្រ្តរបស់កម្ពុជា ហើយជាដំណាក់កាលមួយ ដែលបានឃើញជាក់ស្ដែង នូវភាពដឹកនាំដ៏អង់អាចក្លាហាន ដែលជាតួអង្គអ្នកដឹកនាំមួយរួប បានប្តូរជីវិតជាមួយនឹងការស្វះស្វែងរកសន្តិភាព ការសង្រ្គោះជាតិនៅក្នុងភពខ្មៅងងឹត និងមហន្តរាយ នៃប្រជាជាតិមួយ។ សម្តេចពិជ័យសេនា បានបញ្ជាក់ថា៖ ការរៀបចំពិធីរំឮកខួបលើកទី៤៣ នាពេលនេះ បានប្រារព្ធធ្វើឡើង ក្នុងស្មារតីចងចាំជានិច្ចនូវគុណូបការៈដ៏ឧត្តុងឧត្តម ចំពោះវីរភាពដ៏អង់អាចក្លាហានរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ព្រមទាំងវីរកម្មាភិបាល វីរយុទ្ធជន យុទ្ធនារី ប្រជាជន និងអ្នកស្នេហាជាតិ ដែលបានធ្វើមហាពលីកម្ម បូជាសាច់ស្រស់ ឈាមស្រស់ ក្នុងសមរភូមិ ដើម្បីរំដោះមាតុភូមិពីកណ្ដាប់ដៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលកាលនោះ សម្តេចតេជោ គ្រាន់តែជាមេបញ្ជាការទ័ពមួយរូប បានចេញដំណើរភៀសខ្លួនទៅប្រទេស វៀតណាម ជាមួយមិត្តរួមអាវុធ ដើម្បីស្វែងរកការជួយឧបត្ថម្ភ ក្នុងការតស៊ូរំដោះជាតិ និងជួយសង្គ្រោះជីវិតបងប្អូនប្រជាជន និងសង្គមជាតិ ឲ្យរស់ឡើងវិញរហូតមានការរីកចម្រើនដល់សព្វថ្ងៃនេះ។ សម្តេចពិជ័យសេនា ទៀ បាញ់ បានសង្កត់ធ្ងន់ថា៖ ប្រវត្តិសាស្ត្របានបង្ហាញការពិតថា៖ បើពុំមានការចាប់ផ្ដើម នូវទិវាចងចាំព្រឹត្តិការណ៍ដែលមានជាបន្តបន្ទាប់ ក៏មិនអាចមានដូចសព្វថ្ងៃនេះដែរ។ ភាពជាក់ស្ដែងនៃការអនុវត្តនយោបាយឈ្នះ ឈ្នះ ដោយតួអង្គតែមួយ ដែលបានចាកចេញពីថ្ងៃ២០ មិថុនា ១៩៧៧ រហូតមកដល់ការអនុវត្តនយោបាយ ឈ្នះ ឈ្នះ និងការបញ្ចប់សង្រ្គាមទាំងស្រុងនាចុងឆ្នាំ១៩៩៨ បន្តការដឹកនាំនាពេលបច្ចុប្បន្ន ដែលយើងទាំងអស់គ្នាត្រូវខិតខំសិក្សា និងលើកកម្ពស់ជាស្មារតីដ៏ធំធេង ក្នុងការបន្តជ្រោងទង់ស្ថិរភាព និងសុខសន្តិភាពនៅកម្ពុជាដែលមិនធ្លាប់មាន និងជាការពង្រឹងប្រវត្តិដ៏អស្ចារ្យ របស់មគ្គុទ្ទេសក៍ឯករបស់យើង ៕